នៅរសៀលថ្ងៃចន្ទ
៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, នៅសាលាជាតិគយ
រាជធានីភ្នំពេញ,លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ និងសហការី បានចូលរួមកិច្ចប្រជុំបូកសរុបផែនការសកម្មភាពឆ្នាំ២០២៤
និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្ម
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.។ ក្នុងនោះ
អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព
និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក
និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៤ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤
គឺ (១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, (៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ,
និង(៤)ការលើកកម្ពស់តម្លាភាពថវិកា
និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ តាមរយៈមន្ទីរ សហវ.
រាជធានី-ខេត្ត ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រជូនរដ្ឋបាលឃុំ-សង្កាត់
ជួយសម្រួលបន្ថែមទៀតដល់ការប្រើប្រាស់ប្រព័ន្ធ SARMIS ដើម្បីពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែគ្រប់ជ្រុងជ្រោយ
និងទាន់ពេលវេលា។